អដ្ឋកថា មណិចូឡកសូត្រទី ១០
ក្នុងមណិចូឡកសូត្រទី ១០ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា តំ បរិសំ ឯតទវោច សេចក្តីថា បានឮថា មេស្រុកឈ្មោះថា មណិចូឡកនោះគិតថា កុលបុត្រទាំងឡាយកាលបួស រមែងលះកូន និងភរិយា មាស និងប្រាក់ជាមុន ហើយទើបបួស ឯបុគ្គលទាំងនោះ កាលបួសហើយ ទើបមិនអាចទទួលមាស និងប្រាក់បាន ។ មេស្រុកនោះ មានការប្រកាន់មាំ ជាពិសេស ទើបបានពោលពាក្យជាដើមថា មា អយ្យា ដូច្នេះ ។ បទថា ឯកំសេនេតំ សេចក្តីថា អ្នកគប្បីចាំទុកនូវភាពដែល គួរដល់កាមគុណ ៥ នោះ ដោយចំណែកមួយថា មិនមែនធម៌របស់សមណៈ មិនមែនធម៌របស់សក្យបុត្រ ។ បទថា តិណំ បានដល់ ស្បូវប្រក់សេនាសនៈ ។ បទថា បរិយេសិតព្វំ សេចក្តីថា កាលផ្ទះដែលប្រក់ដោយស្មៅ ឬ ប្រក់ដោយឥដ្ឋធ្លុះធ្លាយ គប្បីទៅកាន់សម្នាក់របស់អ្នកធ្វើផ្ទះនោះ ប្រាប់ថា សេនាសនៈដែលអ្នកធ្វើ ភ្លៀងលិចហើយ ។ អាត្មាមិនអាចនៅក្នុងសេនាសនៈ នោះបាន ។ មនុស្សទាំងឡាយ កាលធ្វើបាន ក៏នឹងធ្វើឲ្យ កាលធ្វើមិនបាន ក៏នឹងប្រាប់ថា សូមពួកលោកម្ចាស់រកជាងឲ្យធ្វើ ពួកខ្ញុំនឹងឲ្យសញ្ញាដល់ជាង ទាំងនោះ កាលឲ្យនាយជាងដែលប្រាប់យ៉ាងនោះ ធ្វើស្រេចហើយ គប្បីប្រាប់ ដល់មនុស្សទាំងនោះ ពួកមនុស្សនឹងឲ្យឈ្មួលដល់ពួកជាង ។ បើមិនមានម្ចាស់ របស់ទីលំនៅ ភិក្ខុដែលប្រព្រឹត្តភិក្ខាចារវត្ត គួរប្រាប់ដល់មនុស្សដទៃៗ ឲ្យ ធ្វើ ។ បទថា បរិយេសិតព្វំ ត្រាស់សំដៅសេចក្តី ដូច្នេះ ។ បទថា ទារុំ សេចក្តីថា កាលបង្កង់ដំបូលជាដើមក្នុងសេនាសនៈបាក់បែក គប្បីស្វែងរក ឈើដើម្បីជួសជុលវត្ថុនោះ ។ បទថា សកដំ បានដល់ រទេះម្តងម្កាល បុណ្ណោះ ធ្វើឲ្យប្លែកអំពីរបស់គ្រហស្ថ ។ មិនមែនតែរទេះតែម្យ៉ាងបុណ្ណោះទេ សូម្បីឧបករណ៍ដទៃៗ មានកាំបិត ពូថៅ និងចបជាដើម ក៏គួរស្វែង