បាដលិយសូត្រទី ១៣

ក្បាលទី 23 · ទំព័រ 303

សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងនិគមឈ្មោះឧត្តរៈ របស់ពួកក្សត្រិយ៍កោឡិយៈ ក្នុងកោឡិយជនបទ ។ គ្រានោះ គាមណីឈ្មោះ បាដលិយៈចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះ ដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះបាដលិយគាមណីអង្គុយ ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដូច្នេះថា ព្រះសមណគោតមចេះមាយា ( កលឧបាយ ) ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកជនឯណាជាអ្នកពោលថា ព្រះសមណគោតមចេះមាយាដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ជនទាំងនោះឈ្មោះថា ជា អ្នកពោលតាមពាក្យដែលព្រះដ៏មានព្រះភាគត្រាស់ហើយផង មិនមែនពោល បង្កាច់ព្រះដ៏មានព្រះភាគដោយពាក្យមិនពិតផង ពោលនូវធម៌សមគួរដល់ធម៌ ផង លំអានពាក្យតូចធំណាមួយ ជាពាក្យប្រកបដោយធម៌ មិនដល់នូវហេតុ គួរតិះដៀលទេឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ឯខ្ញុំព្រះអង្គ មិនមែនជាអ្នកចង់ ពោលបង្កាច់ព្រះដ៏មានព្រះភាគទេ ។ ព្រះអង្គត្រាស់ថា ម្នាលគាមណី ពួកជន ឯណាពោលថា ព្រះសមណគោតមចេះមាយាដូច្នេះ ។ ជនទាំងនោះឈ្មោះថា ពោលតាមពាក្យដែលតថាគតពោលហើយផង មិនមែនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ពោលនូវធម៌សមគួរដល់ធម៌ផង លំអានពាក្យតូចធំ ណាមួយ ជាពាក្យប្រកបដោយធម៌ មិនដល់នូវហេតុគួរតិះដៀលទេ ។ យីអើ យើងមិនជឿសមណព្រាហ្មណ៍ទាំងនោះសោះ ឥឡូវឮថា ព្រះសមណគោតម ចេះមាយាពិតមែនហើយ ។ យីអើ ពោលថា ខ្ញុំចេះមាយាដូច្នេះ ។ បុគ្គល