ខេមាសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 360

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង នាងខេមាភិក្ខុនី ត្រាច់ទៅកាន់ចារិកក្នុងកោសលជនបទ បានចូលទៅអាស្រ័យនៅក្នុងស្រុក ឈ្មោះតោរណវត្ថុ ជាចន្លោះក្រុងសាវត្ថីនឹងចន្លោះក្រុងសាកេត ។ លំដាប់នោះ ព្រះបាទបសេនទិកោសល ស្តេចចេញចាកក្រុងសាកេត ហើយទៅកាន់ក្រុង សាវត្ថី ស្តេចចូលទៅសម្នាក់អស់មួយរាត្រី ក្នុងស្រុកតោរណវត្ថុ ដែលជា ចន្លោះនៃក្រុងសាវត្ថី និងក្រុងសាកេត ។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់នឹងបុរសម្នាក់ថា នែបុរសដ៏ចម្រើន អ្នកឯងមកអាយ អ្នកឯងចូរ ដឹង ( គយគន់មើល ) នូវសមណៈ ឬព្រាហ្មណ៍ក្នុងស្រុកតោរណវត្ថុដែល ល្មមអញចូលទៅរកក្នុងថ្ងៃនេះ ។ បុរសនោះទទួលព្រះរាជឱង្ការព្រះបាទ បសេនទិកោសលថា ព្រះករុណាថ្លៃវិសេស ហើយត្រាច់រង្គាត់ទៅសព្វស្រុក តោរណវត្ថុ ក៏មិនឃើញសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលល្មមព្រះបាទ បសេនទិកោសលទ្រង់ចូលទៅរកសោះឡើយ ។ បុរសនោះស្រាប់តែបានឃើញខេមាភិក្ខុនី ចូលទៅអាស្រ័យ នៅក្នុងស្រុកតោរណវត្ថុ លុះឃើញហើយ ក៏ចូលទៅគាល់ព្រះបាទបសេនទិកោសល លុះចូលទៅដល់ បានក្រាបបង្គំទូលព្រះបាទបសេនទិកោសលដូច្នេះ ថា បពិត្រព្រះសម្មតិទេព ក្នុងស្រុកតោរណវត្ថុ មិនមានសមណៈ ឬព្រាហ្មណ៍ ណាមួយ ដែលល្មមព្រះអង្គស្តេចចូលទៅរកឡើយ ។ បពិត្រព្រះសម្មតិទេព មានតែភិក្ខុនី ១ រូបឈ្មោះខេមា ជាសាវិការបស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធអង្គនោះ ។ ឯកិត្តិសព្ទដ៏ពីរោះរបស់នាងជាម្ចាស់នោះ ល្បីខ្ចរខ្ចាយ ទៅយ៉ាងនេះថា នាងជាអ្នកប្រាជ ឈ្លាសវៃ មានប្រាជ្ញា ជាពហុស្សូត មាន សម្តីដ៏វិចិត្រ មានបដិភាណល្អ ។