អដ្ឋកថា ខេមាសូត្រ ទី ១
ក្នុងខេមាថេរីសូត្រទី ១ នៃអព្យាកតសំយុត្ត គប្បីជ្រាប វិនិច្ឆ័យដូចតទៅនេះ បទថា ខេមា បានដល់ ឧបាសិកា ( មហេសី ) របស់ ព្រះបាទពិម្ពិសារ កាលនៅជាគ្រហស្ថ ជាអ្នកមានសទ្ធា បួសហើយ ជាព្រះមហា ថេរី ដែលព្រះមានព្រះភាគទ្រង់តែងតាំងក្នុងតំណែងជាឯតទគ្គៈ ខាងមាន បញ្ញាច្រើន ដោយព្រះពុទ្ធវចនៈយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ បណ្តា សាវិការបស់តថាគត ខេមាភិក្ខុនី ជាកំពូលខាងមានបញ្ញាច្រើន ។ បទថា បណ្ឌិតា បានដល់ ប្រកបដោយភាពជាបណ្ឌិត ។ បទថា ព្យត្តា បានដល់ ប្រកបដោយភាពជាអ្នកមុតស្រួច ។ បទថា មេធាវិនី បានដល់ ប្រកបដោយបញ្ញាជាគ្រឿងកម្ចាត់កិលេស ។ បទថា ពហុស្សុតា បានដល់ ប្រកបដោយភាពជាពហូសូត ទាំងផ្នែកបរិយត្តិ ទាំងផ្នែកបដិវេធ ។ បទថា គណកោ បានដល់ ជាអ្នកឈ្លាសក្នុងការគណនា នូវវត្ថុដែលមិនបែកគ្នា ។ បទថា មុទ្ទិកោ បានដល់ ជាអ្នកឈ្លាសក្នុងការ គណនាដោយខ្នាច់ដែលមាននៅត្រង់ម្រាមដៃ ។ បទថា សង្ខាយកោ បាន ដល់ ជាអ្នកឈ្លាសក្នុងការគណនាវត្ថុដែលរាប់ជាដុំ ។ បទថា គម្ភីរោ បាន ដល់ ជ្រៅ ៨៤០០០ យោជន៍ ។ បទថា អប្បមេយ្យោ បានដល់ ប្រមាណ ដោយចំនួនជាអាឡ្ហកៈមិនបាន ។ បទថា ទុប្បរិយោគាហោ បានដល់ ឈានចុះដើម្បីកាន់យកប្រមាណ ដោយគណនាជាអាឡ្ហកៈបានលំបាក ។ បទថា យេន រូបេន តថាគតំ សេចក្តីថា គប្បីបញ្ញត្ត តថាគត ពោល គឺសត្វថា ខ្ពស់ ទាប ខ្មៅ ស ដូច្នេះ ដោយរូបណា ។ បទថា តំ រូបំ តថាគតស្ស បហីនំ សេចក្តីថា រូប មានប្រការដូចពោល ហើយ ព្រះតថាគតដ៏ជាសព្វញ្ញូ ទ្រង់លះបានហើយ ដោយការលះតណ្ហា ។ បទថា រូបសង្ខយា វិមុត្តោ សេចក្តីថា ផុតចាកការទទួលថាជារូបតទៅ ដោយចំណែកនៃរូប និងអរូបខ្លះ ចាកការបញ្ញត្តិថារូប ព្រោះរម្ងាប់សូម្បី វោហារថ