កុតូហលសាលាសូត្រ ទី ៩

ក្បាលទី 23 · ទំព័រ 402

ចំណែកខាងព្រះសមណ គោតមនេះសោតទៀត ក៏ជាមេពួក មេគណៈ ជាគណាចារ្យ មាន ព្រះនាមល្បីល្បាញ ព្រះអង្គមានយស ជាមេលទ្ធិ ដែលជនច្រើនសន្មតថា ជាសប្បុរស ព្រះអង្គសោត ក៏ទ្រង់ព្យាករនូវសាវ័ក ដែលធ្វើមរណកាល កន្លងហួសទៅហើយ ក្នុងកំណើតទាំងឡាយថា សាវ័កឯណោះ ទៅកើតក្នុង ភពឯណោះ សាវ័កឯណោះ ទៅកើតក្នុងភពឯណោះ ។ ក៏ឯសាវ័កឯណា របស់ព្រះអង្គ ជាឧត្តមបុរស ។ បេ ។ ទ្រង់ព្យាករថា សាវ័កឯណោះ ទៅកើត ក្នុងភពឯណោះ សាវ័កឯណោះ ទៅកើតក្នុងភពឯណោះ ។ មួយវិញទៀត ព្រះសមណគោតមទ្រង់ព្យាករនូវសាវ័កនោះយ៉ាងនេះថា សាវ័កនេះ បានផ្តាច់បង់ នូវតណ្ហា គាស់រម្លើងនូវសញ្ញោជនៈ ហើយធ្វើនូវទីបំផុតនៃសេចក្តីទុក្ខ ព្រោះត្រាស់ដឹងនូវមានះបានដោយល្អ ។ បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គ មានសេចក្តីសង្ស័យ មានសេចក្តីងឿងឆ្ងល់ថា ព្រះធម៌ដែលព្រះសមណ- គោតម ទ្រង់កំណត់ដឹងដោយប្រការដូចម្តេច ។ ម្នាលវច្ឆៈ អ្នកឯងគួរមានសេចក្តីសង្ស័យ គួរមានសេចក្តី ងឿងឆ្ងល់ មួយវិញទៀត សេចក្តីងឿងឆ្ងល់កើតឡើងដល់អ្នកឯង ក្នុងហេតុ ដែលគួរងឿងឆ្ងល់មែន ។ ម្នាលវច្ឆៈ តថាគតបញ្ញត្តនូវកំណើតនៃសត្វដែល មានឧបាទាន មិនបញ្ញត្តនូវកំណើតនៃសត្វដែលមិនមានឧបាទានឡើយ ។ ម្នាល វច្ឆៈ ដូចភ្លើងមានឧបាទានតែងឆេះភ្លឺរុងរឿង មិនមានឧបាទានមិនឆេះភ្លឺរុងរឿង យ៉ាងណា ម្នាលវច្ឆៈ តថាគតបញ្ញត្តនូវកំណើតនៃសត្វដែលមានឧបាទាន មិន បញ្ញត្តនូវកំណើតនៃសត្វដែលមិនមានឧបាទានឡើយ ក៏យ៉ាងនោះដែរ ។