អានន្ទសូត្រ ទី ១០

ក្បាលទី 23 · ទំព័រ 404

គ្រានោះឯង វច្ឆគោត្តបរិព្វាជកក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទីដ៏ សមគួរ ។ លុះវច្ឆគោត្តបរិព្វាជកអង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូល ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្លួនមានដែរឬហ្ន៎ ។ ព្រះដ៏មានព្រះភាគ កាលដែលវច្ឆគោត្តបរិព្វាជក ក្រាបបង្គំទូលសួរយ៉ាងនេះ ហើយ ព្រះអង្គទ្រង់នៅស្ងៀម ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះខ្លួនមិនមាន ទេឬអ្វី ។ ព្រះដ៏មានព្រះភាគទ្រង់នៅស្ងៀមអស់វារៈជាគម្រប់ ២ ដង ។ គ្រា នោះឯង វច្ឆគោត្តបរិព្វាជក ក៏ក្រោកចាកអាសនៈដើរចេញទៅ ។ លំដាប់នោះឯង ព្រះអានន្ទដ៏មានអាយុ កាលដែលវច្ឆគោត្ត បរិព្វាជកដើរចេញទៅមិនយូរបុន្មាន បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ កាលវច្ឆគោត្តបរិព្វាជក ទូលសួរប្រស្នា ព្រះអង្គមិនទ្រង់ព្យាករដល់វច្ឆគោត្តបរិព្វាជក តើព្រោះហេតុអ្វី ហ្ន៎ ។ ម្នាលអានន្ទ ក៏ឯតថាគត កាលបើវច្ឆគោត្តបរិព្វាជកសួរថា ខ្លួនមានដែរ ឬ គប្បីព្យាករដល់វច្ឆគោត្តបរិព្វាជកថាខ្លួនមាន ។ ម្នាលអានន្ទ ពួកសមណព្រាហ្មណ៍ទាំងអម្បាលម៉ាន ដែលជាសស្សតវាទ ការព្យាករណ៍នេះមុខជានឹង មានជាមួយនឹងពួកសមណព្រាហ្មណ៍ ជាសស្សតវាទទាំងនោះហើយ ។ ម្នាល អានន្ទ ក៏ឯតថាគតកាលបើវច្ឆគោត្តបរិព្វាជកសួរថា ខ្លួនគ្មានទេឬ គប្បីព្យាករ ដល់វច្ឆគោត្តបរិព្វាជកថា ខ្លួនគ្មានទេ ។