អដ្ឋកថា អវិជ្ជាសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 414

គប្បីជ្រាបវិនិច្ឆ័យក្នុងអវិជ្ជាសូត្រទី ១ នៃមហាវារវគ្គទី ១ ដូចតទៅ នេះ បទថា បុព្វង្គមា បានដល់ ជាប្រធានដោយអាការ ២ យ៉ាង គឺ ដោយអំណាចសហជាតប្បច្ច័យ ១ ដោយអំណាចឧបនិស្សយប្បច្ច័យ ១ ។ បទថា សមាបត្តិយា សេចក្តីថា ដើម្បីការចូលដល់ ដើម្បីការបានសភាវៈ ដើម្បីការកើតឡើង ។ បទថា អន្វទេវ អហិរិកំ អនោត្តប្បំ សេចក្តីថា អហិរិកៈតាំងនៅដោយអាការនៃការមិនខ្មាស អនោត្តប្បៈតាំងនៅដោយអាការ នៃការមិនខ្លាចនោះ អវិជ្ជានោះ រមែងកើតឡើង រួមជាមួយអហិរិកៈ និង អនោត្តប្បៈ វៀរអហិរិកៈ និងអនោត្តប្បៈនោះចេញ មិនកើតឡើងឡើយ ។