ឧបឌ្ឍសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 419

ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនោះដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសម្លាញ់ល្អ និង ការមានក្លើល្អ ។ ម្នាលអានន្ទ ព្រោះអាស្រ័យតថាគតដែលជាមិត្តល្អ បានជា ពួកសត្វដែលមានជាតិជាធម្មតា រួចស្រឡះចាកជាតិទៅបាន ពួកសត្វ ដែលមានជរាជាធម្មតា រួចស្រឡះចាកជរាទៅបាន ពួកសត្វដែលមានមរណៈ ជាធម្មតា រួចស្រឡះចាកមរណៈទៅបាន ពួកសត្វដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្ហៀតចង្អល់ចិត្តជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្ហៀតចង្អល់ ចិត្តទៅបាន ។ ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនុ៎ះ ដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសម្លាញ់ល្អ និងការមាន ក្លើល្អ ។