អដ្ឋកថា កិមត្ថិយសូត្រ ទី ៥
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ កាលបើ គេសួរយ៉ាងនេះហើយ ដោះស្រាយយាងនេះ ឈ្មោះថា ពោលតាមពាក្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយផង មិនពោលបង្កាច់ព្រះដ៏មាន ព្រះភាគ ដោយពាក្យមិនពិតផង ដោះស្រាយនូវធម៌តាមសមគួរដល់ធម៌ផង ទាំងពាក្យពោលធំតូចនីមួយដែលប្រកបដោយធម៌ ក៏មិនដល់នូវហេតុដែល បណ្ឌិតគប្បីតិះដៀលផងទេឬ ។ ម្នាលភិក្ខុទាំងឡាយ អើ កាលបើគេសួរយ៉ាងនេះហើយ អ្នក ទាំងឡាយដោះស្រាយយ៉ាងនេះ ឈ្មោះថា ពោលតាមពាក្យដែលតថាគត ពោលហើយផង មិនឈ្មោះថា ពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ដោះស្រាយនូវធម៌តាមសមគួរដល់ធម៌ផង ទាំងពាក្យពោលធំតូចនីមួយដែល ប្រកបដោយធម៌ ក៏មិនដល់នូវហេតុដែលបណ្ឌិតគប្បីតិះដៀលផងទេ ព្រោះ អ្នកទាំងឡាយនៅប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសម្នាក់តថាគត ដើម្បីកំណត់ ដឹងនូវទុក្ខពិត ។ ម្នាលភិក្ខុទាំងឡាយ បើពួកអន្យតិរ្ថិយបរិព្វាជក សួរអ្នក ទាំងឡាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចុះមគ្គ និងបដិបទាប្រព្រឹត្ត ទៅដើម្បីកំណត់ដឹងនូវទុក្ខនោះមានដែរឬ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ ពួកអន្យតិរ្ថិយបរិព្វាជកសួរយ៉ាងនេះ អ្នកទាំងឡាយគប្បីដោះស្រាយដល់ពួក អន្យតិរ្ថិយបរិព្វាជកទាំងនោះយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ មគ្គ និង បដិបទាប្រព្រឹត្តទៅដើម្បីកំណត់ដឹងនូវទុក្ខនុ៎ះមានដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែល ប្រព្រឹត្តដើម្បីកំណត់នូវទុក្ខនុ៎ះ ។ គឺមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ហ្នឹង ឯង ។ មគ្គទាំង ៨ តើដូចម្តេច ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះជាមគ្គ នេះជាបដិបទា ដែលប្រព្រឹត្តទៅដើម្បីកំណត់ នូវទុក្ខនុ៎ះ ។