អដ្ឋកថា បឋមអញ្ញតរភិក្ខុសូត្រ ទី ៦
ក្បាលទី 23 · ទំព័រ 437
សាវត្ថីនិទាន ។ គ្រានោះ ភិក្ខុមួយរូបចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ ក្នុងទីសមគួរ ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះ ដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន គេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រហ្មចរិយៈ តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច ។ ម្នាលភិក្ខុ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ នេះឯង ហៅថា ព្រហ្មចរិយៈ ។ មគ្គទាំង ៨ តើដូចម្តេច ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុ ការអស់ទៅនៃរាគៈ ការអស់ទៅនៃទោសៈ ការអស់ ទៅនៃមោហៈឯណា នេះហៅថាទីបំផុតនៃព្រហ្មចរិយៈ ។