វិភង្គសូត្រ ទី ៨

ក្បាលទី 23 · ទំព័រ 440

សាវត្ថិនិទាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នឹង ចែកនូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរប្រុងស្តាប់នូវមគ្គនោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹង សម្តែង ។ ភិក្ខុទាំងនោះទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ តើដូចម្តេច ។ មគ្គទាំង ៨ គឺអ្វី ខ្លះ ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ សេចក្តីដឹងក្នុងទុក្ខ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃទុក្ខ សេចក្តី ដឹងក្នុងការរលត់នៃទុក្ខ សេចក្តីដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់នៃទុក្ខ ឯណា ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ សេចក្តីត្រិះរិះក្នុងការចេញចាកកាម សេចក្តីត្រិះរិះក្នុងការមិន ព្យាបាទ សេចក្តីត្រិះរិះក្នុងការមិនបៀតបៀនឯណា ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាសង្កប្បៈ ។ ម្នាលភិក្ខុទាំងឡាយ សម្មាវាចា តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ ចេតនាវៀរចាកការនិយាយកុហក ចេតនាវៀរចាកការនិយាយ ញុះញង់ ចេតនាវៀរចាកការនិយាយទ្រគោះ ចេតនាវៀរចាកការនិយាយ រោយរាយឯណា ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាវាចា ។ ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ ចេតនាវៀរចាកការសម្លាប់សត្វ ចេតនាវៀរចាកការលួចទ្រព្យគេ ចេតនាវៀរចាកការប្រព្រឹត្តិធម៌មិនប្រសើរឯណា ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា សម្មាកម្មន្តៈ