អដ្ឋកថា វិភង្គសូត្រ ទី ៨

ក្បាលទី 23 · ទំព័រ 444

គប្បីជ្រាបវិនិច្ឆ័យក្នុងវិភង្គសូត្រទី ៨ ដូចតទៅនេះ បទថា កតមា ច ភិក្ខវេ សម្មាទិដ្ឋិ សេចក្តីថា ព្រះមានព្រះភាគទ្រង់ចែកមគ្គដែល ប្រកបដោយអង្គ ៨ ដោយបរិយាយនោះ ហើយទ្រង់ផ្តើមទេសនានេះ ដូច ទ្រង់បំណងនឹងចែកដោយបរិយាយដទៃទៀត ។ ក្នុងបទទាំងនោះ បទថា ទុក្ខេ ញាណំ សេចក្តីថា ញាណដែលកើតឡើង ដោយអាការ ៤ ដោយអំណាចការស្តាប់ ១ ការពិចារណាប្រពៃ ១ ការចាក់ ធ្លុះ ១ ការពិចារណា ១ ។ ក្នុងសមុទយៈក៏មានន័យដូចគ្នា ។ ចំណែក ក្នុងពីរបទ គឺនិរោធ និងមគ្គដ៏សេស ញាណ ៣ យ៉ាងបុណ្ណោះ រមែងគួរ ព្រោះការពិចារណាមិនមានកម្មដ្ឋានក្នុងសច្ចៈ ៤ នេះ ទ្រង់សម្តែងហើយ ដោយបទថា ទុក្ខេ ញាណំ ជាដើម ដោយអាការយ៉ាងនេះ ។ ក្នុងបទទាំងនោះ សច្ចៈ ២ ខាងដើមជាវដ្តៈ ២ ខាងចុងជាវិវដ្តៈ ក្នុង វដ្តៈ និងវិវដ្តៈទាំងនោះ ការប្រកាន់មាំក្នុងកម្មដ្ឋានរបស់ភិក្ខុ មានក្នុងវដ្តៈ ក្នុង វិវដ្តៈ ការប្រកាន់មាំមិនមាន ។ ព្រះយោគាវចរកាលរៀននូវសច្ចៈ ២ ខាង ដើម ក្នុងសម្នាក់របស់អាចារ្យ ទន្ទេញដោយវាចារឿយៗ ដោយសង្ខេបយ៉ាង នេះថា បញ្ចក្ខន្ធា ទុក្ខំ តណ្ញាសមុទយោ និងដោយពិស្តារ មានន័យ ជាដើមថា កតមេ បញ្ចក្ខន្ធា រូបក្ខន្ធោ ហើយ ទើបធ្វើកម្ម ។ ឯក្នុងសច្ចៈ ២ ក្រៅអំពីនេះ លោករមែងធ្វើកម្មដោយការស្តាប់យ៉ាងនេះថា និរោធសច្ច គួរប្រាថ្នា គួរស្រឡាញ់ គួរពេញចិត្ត មគ្គសច្ចគួរប្រាថ្នា គួរស្រឡាញ់ គួរ ពេញចិត្ត ។ កាលលោកធ្វើយ៉ាងនេះ រមែងចាក់ធ្លុះនូវសច្ចៈ ៤ ដោយបដិវេធ