សូកសូត្រ ទី ៩

ក្បាលទី 23 · ទំព័រ 452

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រូវខ្សាយ ឬ ចុងស្រូវដំណើប ដែលគេតម្កល់ទុកខុស នឹងមុតដៃ ឬជើង ឬនឹងញ៉ាំង ឈាមឲ្យកើតឡើងបាន ដល់បុគ្គលដែលច្រត់ដោយដៃ ឬជាន់ដោយជើង ហេតុនេះរមែងមិនមានឡើយ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះថា ចុងនៃស្រូវគេតម្កល់ទុកខុស យ៉ាងណាមិញ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុនោះនឹងអាចទម្លាយនូវអវិជ្ជា នឹងញ៉ាំងវិជ្ជាឲ្យកើតឡើង នឹងបានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ដោយទិដ្ឋិដែលខ្លួនតម្កល់ខុស ដោយ មគ្គភាវនាដែលខ្លួនតម្កល់ខុស ហេតុនេះរមែងមិនមានឡើយ ។ ដំណើរនោះ ព្រោះហេតុដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ទិដ្ឋិដែលភិក្ខុនោះ តម្កល់ខុស ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រូវខ្សាយ ឬចុងស្រូវដំណើប ដែលបុគ្គលតម្កល់ទុកត្រូវ នឹងអាចមុតដៃ ឬជើង ឬនឹងញ៉ាំងឈាមឲ្យកើតឡើង បានដល់បុគ្គលដែលច្រត់ដោយដៃ ឬជាន់ដោយជើង ដោយហេតុនេះ រមែងមានជាប្រាកដ ។ ដំណើរនោះព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចុងនៃស្រូវគេតម្កល់ទុកត្រូវ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះនឹងទម្លាយនូវអវិជ្ជា នឹងញ៉ាំងវិជ្ជាឲ្យកើតឡើង នឹងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានបាន ដោយទិដ្ឋិដែលខ្លួនតម្កល់ត្រូវ ដោយមគ្គភាវនាដែល ខ្លួនតម្កល់ត្រូវ ហេតុនេះរមែងមានជាប្រាកដ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ទិដ្ឋិដែលភិក្ខុនោះតម្កល់ត្រូវ ក៏យ៉ាងនោះដែរ ។