នន្ទិយសូត្រ ទី ១០
សាវត្ថីនិទាន ។ គ្រានោះ នន្ទិយបរិព្វាជក ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយទៅរកព្រះដ៏ មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយក៏ អង្គុយក្នុងទីដ៏សមគួរ ។ លុះនន្ទិយបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ធម៌ ទាំងឡាយ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរ ទៅកាន់ព្រះនិព្វាន មានព្រះនិព្វានជាទីប្រព្រឹត្តទៅក្នុងខាងមុខ មានព្រះនិព្វាន ជាទីបំផុត មានប៉ុន្មានហ្ន៎ ។ ម្នាលនន្ទិយៈ ធម៌ទាំងឡាយដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅខាងមុខ មានព្រះនិព្វានជាទីបំផុត នេះមាន ៨ យ៉ាង ។ ធម៌ ៨ យ៉ាង តើដូចម្តេច ។ អ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលនន្ទិយៈ ធម៌ទាំង ៨ នេះឯង ដែលបុគ្គលចម្រើនហើយធ្វើឲ្យច្រើន ហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វានជាទីប្រព្រឹត្តទៅ ខាងមុខ មានព្រះនិព្វានជាទីបំផុត ។ កាលបើព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះហើយ នន្ទិយបរិព្វាជក ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ ចម្រើន ភ្លឺច្បាស់ណាស់ បពិត្រគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតម ដ៏ចម្រើន ដូចបុគ្គលផ្ងារឡើងនូវរបស់ដែលគេផ្កាប់ ឬបើកឡើងនូវ របស់ដែលបិទបាំង ពុំនោះសោត ប្រាប់នូវផ្លូវដល់អ្នកវង្វេងផ្លូវ ឬទ្រោល ប្រទីបប្រេងបំភ្លឺក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានភ្នែកនឹងបានឃើញរូប ទាំងឡាយ យ៉ាងណាមិញ ។