អដ្ឋកថា បឋមវិហារសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 460

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមវិហារសូត្រទី ១ នៃវិហារវគ្គទី ២ ដូចតទៅ បទថា ឥច្ឆាមហំ ភិក្ខវេ អឌ្ឍមាសំ បដិសល្លីយិតុំ សេចក្តីថា ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នានឹងពួនសម្ងំតែម្នាក់ឯងកន្លះខែ ។ បទថា នម្ញិ កេនចិ ឧបសង្កមិតព្វោ អញ្ញត្រ ឯកេន បិណ្ឌបតនីហារកេន សេចក្តីថា ភិក្ខុណាមិនធ្វើវាចាដែលខ្វល់ខ្វាយដើម្បីខ្លួន គប្បីនាំបិណ្ឌបាត ដែលតាក់តែងក្នុងត្រកូលទាំងឡាយ ដែលមានសទ្ធា ប្រព្រឹត្តទៅដើម្បី ប្រយោជន៍ដល់តថាគត ដើម្បីបង្អោនចូលទៅ ដើម្បីតថាគត បុគ្គលណាម្នាក់ ទោះជាភិក្ខុ ឬគ្រហស្ថ មិនគប្បីចូលទៅរកតថាគត វៀរលែងតែភិក្ខុដែលនាំ បិណ្ឌបាតមួយរូបប៉ុណ្ណោះ ។ សួរថា ព្រោះហេតុអ្វី ទើបព្រះមានព្រះភាគត្រាស់យ៉ាងនេះ ។ ឆ្លើយថា បានឮថា ក្នុងកន្លះខែនោះ សត្វដែលទ្រង់គប្បីទូន្មានមិនមាន ។ កាលបើដូច្នោះ ព្រះសាស្តាទ្រង់តម្រិះថា តថាគតនឹងញ៉ាំងកាលកន្លះខែនេះឲ្យកន្លងទៅដោយ សុខ ដែលកើតអំពីផលសមាបត្តិ ការនៅជាសុខ នឹងមានដល់តថាគតដោយ អាការយ៉ាងនេះ ហើយក្នុងអនាគត ជនដែលកើតឯក្រោយ នឹងយកតម្រាប់ ថា សូម្បីព្រះសាស្តាទ្រង់លះគណៈ ទៅប្រថាប់តែមួយព្រះអង្គឯង នឹងពោល ទៅថ្វីដល់ពួកយើង សេចក្តីនោះ នឹងមានដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់បច្ឆិមជនអស់កាលដ៏យូរ ដូច្នេះ ទើបត្រាស់យ៉ាងនេះ ដោយហេតុនេះ ឯង ។ ភិក្ខុសង្ឃទទួលព្រះតម្រាស់របស់ព្រះសាស្តាហើយ ទើបបានថ្វាយ ភិក្ខុមួយរូប ភិក្ខុរូបនោះធ្វើកិច្ចទាំងពួង មានការបោសបរិវេណព្រះគន្ធកុដិ ថ្វាយទឹកស្រង់ព្រះភក្ត្រ និងឈើស្ទន់ជាដើម អំពីព្រលឹមស្រេចហើយ ក៏ ចៀសទៅក្នុងខណៈនោះ ។