មិច្ឆត្តសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 478

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវ ភាវៈខុសផង នូវភាវៈត្រូវផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ភាវៈខុស តើដូចម្តេច ។ អ្វីខ្លះ ។ គឺ មិច្ឆាទិដ្ឋិ ១ ។ បេ ។ មិច្ឆាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវៈខុស ។ ភាវៈត្រូវ តើដូចម្តេច ។ អ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវៈត្រូវ ។ សាវត្តីនិទាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវ ធម៌ជាអកុសលផង នូវធម៌ជាកុសលផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាអកុសល តើដូចម្តេច ។ អ្វីខ្លះ ។ គឺមិច្ឆាទិដ្ឋិ ១ ។ បេ ។ មិច្ឆាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ជាអកុសល ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាកុសល តើដូចម្តេច ។ អ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១ ។ប។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ជាកុសល ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវ បដិបទាខុសផង នូវបដិបទាត្រូវផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរ ស្តាប់នូវបដិបទានោះចុះ ។ ម្នាលភិក្ខុទាំងឡាយ បដិបទាខុស តើដូចម្តេច ។ អ្វីខ្លះ ។ គឺមិច្ឆាទិដ្ឋិ ១ ។ បេ ។ មិច្ឆាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទាខុស ។ ម្នាលភិក្ខុទាំងឡាយ បដិបទាត្រូវ តើដូចម្តេច ។ អ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទាត្រូវ ។