ទុតិយអសប្បុរិសសូត្រ ទី ៦
គ្រានោះឯង ពួកភិក្ខុច្រើនរូបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏ សមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះ ដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន វេទនាដូចម្តេច ហេតុជាទី កើតឡើងនៃវេទនាដូចម្តេច ការរលត់ទៅនៃវេទនាដូចម្តេច បដិបទាជាហេតុឲ្យ ដល់នូវការរលត់ទៅនៃវេទនាដូចម្តេច អានិសង្សនៃវេទនាដូចម្តេច ទោសនៃ វេទនាដូចម្តេច ការរលាស់ចេញនូវវេទនាដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ វេទនានេះមាន ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា ។ ការកើតឡើងនៃវេទនា ព្រោះ កើតឡើងនៃផស្សៈ ការរលត់ទៅនៃវេទនា ព្រោះរលត់ទៅនៃផស្សៈ អដ្ឋង្គិកមគ្គដ៏ប្រសើរនេះឯង ជាបដិបទាជាហេតុឲ្យដល់នូវការរលត់ទៅនៃវេទនា ។ អដ្ឋង្គិកមគ្គនោះ គឺអ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ សេចក្តី សុខ និងសោមនស្សកើតឡើង ព្រោះអាស្រ័យវេទនាឯណា នេះជាអានិសង្ស នៃវេទនា ។ វេទនាឯណាដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសនៃវេទនា ។ ការបន្ទោបង់នូវឆន្ទរាគៈ ការលះបង់នូវឆន្ទរាគៈ ក្នុងវេទនាឯណា នេះជាការរលាស់ចេញនូវវេទនា ។ ម្នាលភិក្ខុទាំងឡាយ ការរលត់នៃសង្ខារទាំងឡាយជាលំដាប់ តថាគតបានពោលហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈានក៏រលត់ ។ បេ ។ រាគៈរបស់ភិក្ខុជាព្រះខីណាស្រពក៏រលត់ ទោសៈក៏រលត់ មោហៈក៏រលត់ ។