ទុតិយព្រហ្មចរិយសូត្រ ទី ១០

ក្បាលទី 23 · ទំព័រ 56

ក្រៃលែងនុ៎ះ ។ តថាគតមិនព្រមអនុញ្ញាតពាក្យនេះដល់ជនទាំងនោះទេ ។ ដំណើរ នោះ ព្រោះហេតុអ្វី ។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ នៅមានដែរ ។ ម្នាលអានន្ទ ចុះសេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាង សេចក្តីសុខនុ៎ះតើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានកន្លងបង់ នូវនេវសញ្ញានាសញ្ញាយតនជ្ឈានដោយប្រការទាំងពួង ហើយចូលកាន់សញ្ញាវេទយិតនិរោធ សម្រេចសម្រាន្តនៅ ។ ម្នាលអានន្ទ នេះឯងជាសេចក្តីសុខ ដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ ។ ពួកអន្យតិរ្ថិយបរិព្វាជកគប្បី ពោលយ៉ាងនេះថា ព្រះសមណគោតមទ្រង់ត្រាស់នូវសញ្ញាវេទយិតនិរោធផង ទ្រង់បញ្ញត្តនូវសញ្ញាវេទយិតនិរោធនោះ ក្នុងសេចក្តីសុខផង សេចក្តីសុខនោះ ដូចម្តេច សេចក្តីសុខនោះមានប្រការដូចម្តេច ដោយហេតុឯណា ម្នាលអានន្ទ ហេតុនុ៎ះ ក៏រមែងមានដែរ ។ ម្នាលអានន្ទ ពួកអន្យតិរ្ថិយបរិព្វាជកអ្នកមានវាទៈ យ៉ាងនេះ អ្នកទាំងឡាយគប្បីពោលយ៉ាងនេះវិញថា ម្នាលអាវុសោ ព្រះដ៏ មានព្រះភាគ មិនទ្រង់បញ្ញត្តនូវសញ្ញាវេទយិតនិរោធ ក្នុងសេចក្តីសុខ ព្រោះ សំដៅយកសុខវេទនាតែម្យ៉ាងទេ ម្នាលអាវុសោ សេចក្តីសុខដែលបុគ្គលបាន ទទួលក្នុងទីណាៗ សេចក្តីសុខមាននៅក្នុងទីណាៗ ព្រះតថាគត ទ្រង់បញ្ញត្ត នូវទីនោះៗ ក្នុងសេចក្តីសុខដែរ ។