យោនិសោមនសិការសម្បទាសូត្រ ទី ៧
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម្មបរិយាយដែល មានបរិយាយ ១០៨ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរស្តាប់នូវធម្មបរិយាយ នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះធម្មបរិយាយមានបរិយាយ ១០៨ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំង ២ ក្តី តថាគតសម្តែងហើយដោយ បរិយាយ វេទនាទាំង ៣ ក្តី តថាគតសម្តែងហើយដោយបរិយាយ វេទនា ទាំង ៥ ក្តី តថាគតសម្តែងហើយដោយបរិយាយ វេទនាទាំង ៦ ក្តី តថាគត សម្តែងហើយដោយបរិយាយ វេទនាទាំង ១៨ ក្តី តថាគតសម្តែងហើយ ដោយបរិយាយ វេទនាទាំង ៣៦ ក្តី តថាគតសម្តែងហើយដោយបរិយាយ វេទនាទាំង ១០៨ ក្តី តថាគតសម្តែងហើយដោយបរិយាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ២ តើដូចម្តេច គឺកាយិកវេទនា ១ ចេតសិកវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា មាន ២ ។ ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ៣ តើដូចម្តេច គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា វេទនាមាន ៣ ។ ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ៥ តើដូចម្តេច គឺសុខិន្ទ្រិយវេទនា ១ ទុក្ខ្រិន្ទិយវេទនា ១ សោមនស្ស្រិន្ទិយវេទនា ១ ទោមនស្ស្រិន្ទិយវេទនា ១ ឧបេក្ខ្រិន្ទិយវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា វេទនាមាន ៥ ។ ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ៦ តើដូចម្តេច គឺ ចក្ខុសម្ផស្សជាវេទនា ១ ។ បេ ។ មនោសម្ផស្សជាវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនាមាន ៦ ។ ម្នាលភិក្ខុទាំងឡាយ ចុះវេទនាទាំង ១៨ តើដូចម្តេច គឺ សោមនស្សូបវិចារៈវេទនា ៦ ទោមនស្សូបវិចារៈវេទនា ៦ ឧបេក្ខូបវិចារៈវេទនា ៦ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនាមាន ១៨ ។