កល្យាណមិត្តសូត្រ ទី ១
ក្បាលទី 23 · ទំព័រ 78
ព្រះអរិយៈទាំងឡាយ រមែង ចូលអាយតនៈ ដូច្នេះ ។ ដោយអាការយ៉ាងនេះ កាលលោកញ៉ាំងសេចក្តី ព្យាយាម ឲ្យចូលទៅតាំងនៅក្នុងវិមោក្ខដ៏កំពូល ទោមនស្សក៏រមែងកើតឡើង ព្រោះសេចក្តីព្យាយាមជាបច្ច័យ ។ ទោមនស្សបែបនេះ លោកហៅថា នេក្ខម្មសិតទោមនស្ស ។ កាលអារម្មណ៍ដែលគួរប្រាថ្នាទៅប្រាកដក្នុងទ្វារ ៦ យ៉ាងនេះ ទោមនស្ស ដែលកើតឡើងហើយ ដល់បុគ្គលដែលញ៉ាំងសេចក្តីព្យាយាមឲ្យចូលទៅតាំង ទុកក្នុងធម៌ គឺអរិយផល ពោល គឺអនុត្តរវិមោក្ខ តែមិនអាចឲ្យខ្វល់ខ្វាយ ក្នុងការផ្តើមវិបស្សនា ដោយអំណាចការមិនទៀងជាដើម ដើម្បីសម្រេច អរិយផលធម៌នោះបាន ទើបមានការសោកស្តាយថា អញមិនអាចខ្វល់ខ្វាយ ដើម្បីដល់វិបស្សនា ហើយសម្រេចអរិយភូមិបាន ក្នុងបក្ខនេះ ក្នុងខែនេះ ក្នុង ឆ្នាំនេះ ឈ្មោះថា នេក្ខម្មសិតទោមនស្ស ទោមនស្សអាស្រ័យការចេញ ចាកកាម ៦ ។