យោនិសោមនសិការសម្បទាសូត្រ ទី ៧
ម្នាលភិក្ខុទាំងឡាយ ចុះបីតិមិនប្រកបដោយអាមិស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយ វិតក្ក និងវិចារៈ មានបីតិ និងសុខ ដែលកើតអំពីវិវេក សម្រេចសម្រាន្តនៅ លុះរម្ងាប់បង់នូវវិតក្ក និងវិចារៈអស់ហើយ បានចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជា ចិត្តខ្ពស់ឯក មិនមានវិតក្ក និងវិចារៈ មានតែបីតិ និងសុខដែលកើតអំពីសមាធិ គឺបឋមជ្ឈាន សម្រេចសម្រាន្តនៅ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បីតិ មិនប្រកបដោយអាមិស ។ ម្នាលភិក្ខុទាំងឡាយ ចុះបីតិប្រាសចាកអាមិសដ៏លើសជាងបីតិ ដែលមិនប្រកបដោយអាមិស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បីតិឯណា ដែលកើតឡើងដល់ខីណាសវភិក្ខុ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុត ស្រឡះចាករាគៈហើយ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះចាក ទោសៈហើយ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះចាកមោហៈ ហើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បីតិប្រាសចាកអាមិសដ៏លើសជាង បីតិដែលមិនប្រកបដោយអាមិស ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីសុខប្រកបដោយអាមិស តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គឺកាមគុណទាំង ៥ នេះឯង ។ កាមគុណ ទាំង ៥ តើដូចម្តេច ។ គឺរូបទាំងឡាយដែលគប្បីដឹងច្បាស់ដោយចក្ខុ ជាទី ប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរ ដល់តម្រេក ។ បេ ។ ផោដ្ឋព្វៈទាំងឡាយដែលគប្បីដឹងច្បាស់ដោយកាយ ជាទី ប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរ ដល់តម្រេក ។ ម្នាលភិក្ខុទាំងឡាយ កាមគុណមាន ៥ យ៉ាងនេះឯង ។