អដ្ឋកថា ពលសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 563

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយ ឯណានីមួយ ដែលបុគ្គលធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវ អាស្រ័យនូវផែនដី ឋិតនៅលើផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែល បុគ្គលត្រូវធ្វើដោយកម្លាំង រមែងធ្វើបានប្រាកដ យ៉ាងណាមិញ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចម្រើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុង សីល ទើបចម្រើននូវមគ្គប្រកបដោយ អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសម្មាទិដ្ឋិ ដែលឱនទៅកាន់ ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ព្រះនិព្វាន ។ បេ ។ ចម្រើននូវ សម្មាសមាធិ ដែលឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរក ព្រះនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង ។