ពីជសូត្រ ទី ២
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ពួកពីជគាម និងភូតគាម ឯណានីមួយ ដល់នូវការចម្រើនដុះដាលលូតលាស់ឡើងបាន ពួកពីជគាម និងភូតគាមទាំងអស់នោះ អាស្រ័យនូវផែនដី តាំងនៅលើផែនដី ទើបពួក ពីជគាម និងភូតគាមទាំងនុ៎ះ ដល់នូវការចម្រើនដុះដាលលូតលាស់ឡើងបាន ប្រាកដ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅ ក្នុងសីល ចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបដល់នូវការចម្រើនដុះដាល លូតលាស់ឡើងក្នុងធម៌ទាំងឡាយបាន ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុង សីល កាលចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើនដុះដាលលូតលាស់ ឡើងក្នុងធម៌ទាំងឡាយបាន តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរក ការលះបង់ ។ បេ ។ ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរក ការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុង សីល កាលចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើនដុះដាល លូតលាស់ ឡើងក្នុងធម៌ទាំងឡាយបាន យ៉ាងនេះឯង ។