កុម្ភសូត្រ ទី ៥
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ក្អមដែលគេផ្កាប់ចុះ រមែងខ្ជាក់ចោលនូវទឹក មិនស្រូបចូលមកវិញឡើយ យ៉ាងណាមិញ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុកាលចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យ ក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងខ្ជាក់ចោលនូវអកុសល់ធម៌ដ៏លាមកចេញ មិនស្រូបចូលទៅវិញឡើយ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចម្រើននូវមគ្គប្រកបដោយ អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងខ្ជាក់ចោលនូវអកុសលធម៌ដ៏លាមកចេញ មិនស្រូបចូលទៅវិញឡើយ តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាក តម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។ បេ ។ ចម្រើននូវ សម្មាសមាធិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាក តម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងខ្ជាក់ចោលនូវអកុសលធម៌ ទាំងឡាយដ៏លាមកចេញ មិនស្រូបចូលទៅវិញឡើយ យ៉ាងនេះឯង ។