នាវាសូត្រ ទី ១០

ក្បាលទី 23 · ទំព័រ 578

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ នាវាដែលប្រើប្រាស់ ក្នុងសមុទ្រ គេចងដោយពួរផ្តៅ ទម្លាក់ចុះទៅក្នុងទឹកអស់ ៦ ខែ លុះដល់ ហេមន្តរដូវ ទើបគេលើកឡើងមកកាន់ទីគោក ពួរទាំងនោះដែលនៅហាល ខ្យល់ ហាលកម្តៅថ្ងៃ លុះភ្លៀងជោកជាំធ្លាក់បង្អុរមក ក៏រមាសពុកផុយដោយ ងាយ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើននូវមគ្គប្រកបដោយ អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ ប្រសើរ សញ្ញោជនធម៌ក៏ស្ងប់រម្ងាប់ ស្អុយរលួយទៅដោយមិនយឺតយូរ ឡើយ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើននូវមគ្គប្រកបដោយ អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ សញ្ញោជនធម៌រមែងស្ងប់រម្ងាប់ ស្អុយរលួយទៅដោយមិនយឺតយូរ តើដោយ ប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចម្រើននូវ សម្មាទិដ្ឋិ ។ បេ ។ ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ សញ្ញោជនធម៌ក៏រមែងស្ងប់រម្ងាប់ ស្អុយរលួយទៅដោយមិនយឺតយូរឡើយ យ៉ាង នេះឯង ។