អដ្ឋកថា អាគន្តុកសូត្រ ទី ១១
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សមកកាន់ផ្ទះ សម្រាប់ទទួលភ្ញៀវអំពីទិសខាងកើត សម្រេចការនៅក្នុងផ្ទះនោះក្តី មកអំពី ទិសខាងលិច សម្រេចការស្នាក់នៅក្តី មកអំពីទិសខាងជើង សម្រេចការ ស្នាក់នៅក្តី មកអំពីទិសខាងត្បូង សម្រេចការស្នាក់នៅក្តី ពួកក្សត្រមក សម្រេចការស្នាក់នៅក្តី ពួកព្រាហ្មណ៍មកសម្រេចការស្នាក់នៅក្តី ពួកវេស្សៈ មកសម្រេចការស្នាក់នៅក្តី ពួកសុទ្ទៈមកសម្រេចការស្នាក់នៅក្តី យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ពួកធម៌ ណាដែលគួរកំណត់ដឹងដោយប្រាជ្ញាដ៏ឧត្តម រមែងកំណត់ដឹងនូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណាដែលគួរលះបង់ដោយប្រាជ្ញាដ៏ឧត្តម រមែង លះបង់នូវពួកធម៌នោះដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណាដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម រមែងធ្វើឲ្យជាក់ច្បាស់នូវពួកធម៌នោះដោយប្រាជ្ញា ដ៏ឧត្តម ពួកធម៌ណាដែលគួរចម្រើនដោយប្រាជ្ញាដ៏ឧត្តម រមែងចម្រើននូវពួកធម៌ នោះ ដោយប្រាជ្ញាដ៏ឧត្តម ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរកំណត់ដឹងដោយប្រាជ្ញា ដ៏ឧត្តម តើដូចម្តេច ។ គប្បីឆ្លើយថា បានដល់ ឧបាទានក្ខន្ធទាំង៥ ឧបាទានក្ខន្ធ ទាំង ៥ គឺអ្វីខ្លះ ។ ឧបាទានក្ខន្ធទាំង ៥ គឺរូបូបាទានក្ខន្ធ ១ ។ បេ ។ វិញ្ញាណូបាទានក្ខន្ធ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម ។