អដ្ឋកថា នទីសូត្រ ទី ១២

ក្បាលទី 23 · ទំព័រ 583

ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ក៏ដូច្នោះដែរ ។ ពួកស្តេចក្តី ពួកមហាមាត្យ នៃស្តេចក្តី ពួកមិត្តក្តី ពួកអាមាត្យក្តី ពួកញាតិសាលោហិតក្តី មកលួងលោម នូវភិក្ខុដែលកំពុងចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ កំពុងធ្វើឲ្យ ក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ឲ្យបែរមកត្រេកអរដោយ ភោគសម្ប័ទ ម្នាលបុរសអើយ អ្នកចូរមក សំពត់កាសាវៈរបស់អ្នកនេះ រមែងដុតកម្តៅទេដឹង អ្នកម្តេចក៏ធ្វើជាមនុស្សកំណោរប្រព្រឹត្តកាន់អំបែងវិញ អ្នកចូរត្រឡប់មកកាន់ហីនភេទវិញទៅ ហើយប្រើប្រាស់នូវភោគសម្ប័ទផង ធ្វើនូវបុណ្យផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលចម្រើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏លះបង់នូវសិក្ខា ហើយត្រឡប់មកកាន់ហីនភេទវិញ ពាក្យដូច្នេះ នេះ មិនជាឋានៈឡើយ ។ ដំណើរនោះ តើព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាចិត្តឯណា ដែលឱនទៅកាន់សេចក្តីស្ងប់ស្ងាត់ ទេរទៅកាន់ សេចក្តីស្ងប់ស្ងាត់ ឈមទៅកាន់សេចក្តីស្ងប់ស្ងាត់ អស់កាលយូរ ចិត្តនោះ ឯង នឹងត្រឡម់មកកាន់ហីនភេទវិញ ពាក្យដូច្នេះនេះមិនមែនជាឋានៈឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចម្រើននូវមគ្គប្រកបដោយ អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ ប្រសើរ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវ សម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។