ឱឃសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 598

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ឱឃៈ ( អន្លង់ ) នេះ មាន ៤ យ៉ាង ។ ឱឃៈមាន ៤ យ៉ាង តើអ្វីខ្លះ ។ គឺកាមោឃៈ ១ ភវោឃៈ ១ ទិដ្ឋោឃៈ ១ អវិជ្ជោឃៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ឱឃៈមាន ៤ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ( ភិក្ខុគប្បីចម្រើននូវមគ្គ ) ដើម្បីដឹង ច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឱឃៈ ៤ យ៉ាង នេះឯង ។ បេ ។ ភិក្ខុគប្បីចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ។ ( បណ្ឌិតគប្បីពង្រីកសេចក្តីឲ្យពិស្តារ ដូចសេចក្តីស្វែងរកផងចុះ ) ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ យោគៈ ( កិលេស ជាគ្រឿងប្រកប ) នេះ មាន ៤ យ៉ាង ។ យោគៈមាន ៤ យ៉ាង តើអ្វីខ្លះ ។ គឺកាមយោគៈ ១ ភវយោគៈ ១ ទិដ្ឋិយោគៈ ១ អវិជ្ជាយោគៈ ១ ។ ម្នាល ភិក្ខុទាំងឡាយ យោគៈមាន ៤ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ( ភិក្ខុគប្បីចម្រើននូវមគ្គ ) ដើម្បីដឹង ច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវយោគៈ ៤ យ៉ាង នេះឯង ។ បេ ។ ភិក្ខុគប្បីចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ឧបាទាន ( សេចក្តី ប្រកាន់មាំ ) នេះមាន ៤ យ៉ាង ។ ឧបាទានមាន ៤ យ៉ាង តើអ្វីខ្លះ ។ គឺ កាមូបាទាន ១ ទិដ្ឋូបាទាន ១ សីលព្វតូបាទាន ១ អត្តវាទូបាទាន ១ ។ ម្នាលភិក្ខុទាំងឡាយ ឧបាទានមាន ៤ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ( ភិក្ខុគប្បីចម្រើននូវមគ្គ ) ដើម្បីដឹង ច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧបាទាន ៤ យ៉ាង នេះឯង ។ បេ ។ ភិក្ខុគប្បីចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ ។