ហិមវន្តសូត្រ ទី ១
ម្នាលភិក្ខុទាំងឡាយ នាគទាំងឡាយតែងធ្វើរាងកាយឲ្យចម្រើន ឲ្យមានកម្លាំង ព្រោះអាស្រ័យស្តេចភ្នំឈ្មោះហិមវន្ត នាគទាំងនោះ លុះធ្វើ រាងកាយឲ្យចម្រើន ឲ្យមានកម្លាំង ក្នុងស្តេចភ្នំឈ្មោះហិមវន្តនោះហើយ ទើប ចុះក្នុងបឹងតូច លុះចុះក្នុងបឹងតូចហើយ ទើបចុះក្នុងបឹងធំ លុះចុះក្នុងបឹងធំ ហើយ ទើបចុះក្នុងស្ទឹងតូច លុះចុះក្នុងស្ទឹងតូចហើយ ទើបចុះក្នុងស្ទឹងធំ លុះ ចុះក្នុងស្ទឹងធំហើយ ទើបចុះកាន់មហាសមុទ្រសាគរ នាគទាំងនោះ រមែង មានកាយដល់នូវការចម្រើនធំទូលាយក្នុងមហាសមុទ្រសាគរនោះ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងស៊ប់នៅក្នុងសីល កាលចម្រើននូវ ពោជ្ឈង្គ ( អង្គនៃធម៌ជាគ្រឿងត្រាស់ដឹង ) ទាំង ៧ កាលធ្វើឲ្យក្រាស់ក្រែល នូវពោជ្ឈង្គទាំង ៧ រមែងដល់នូវការចម្រើន ធំទូលាយ ក្នុងធម៌ទាំងឡាយ យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងស៊ប់នៅក្នុង សីល កាលចម្រើននូវពោជ្ឈង្គទាំង ៧ កាលធ្វើឲ្យក្រាស់ក្រែលនូវពោជ្ឈង្គ ទាំង ៧ តែងដល់នូវការចម្រើនធំទូលាយ ក្នុងធម៌ទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែល អាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យ សេចក្តីរលត់ បង្អោនទៅរកការលះបង់ ចម្រើនធម្មវិចយសម្ពោជ្ឈង្គ ។ បេ ។ ចម្រើនវីរិយសម្ពោជ្ឈង្គ ។ ចម្រើនបីតិសម្ពោជ្ឈង្គ ។ ចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ ។ ចម្រើនសមាធិសម្ពោជ្ឈង្គ ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាករាគៈ អាស្រ័យ សេចក្តីរលត់ បង្អោនទៅរកការលះបង់ ។