អដ្ឋកថា ហិមវន្តសូត្រ ទី ១
គប្បីជ្រាបវិនិច្ឆ័យក្នុងហិមវន្តសូត្រទី ១ នៃពោជ្ឈង្គសំយុត្ត ដូចតទៅនេះ បទថា នាគា សេចក្តីថា នាគទាំងនេះ នៅក្នុងចន្លោះរលក លើផ្ទៃមហាសមុទ្រ មិនមែននៅក្នុងវិមានឡើយ ។ នាគទាំងនោះ មានកាយ ធំធាត់ជាដើម ព្រោះអាស្រ័យភ្នំហិមពាន្ត ។ ន័យទាំងអស់ គប្បីជ្រាបដោយ ន័យដែលពោលហើយខាងដើមនោះឯង ។ ក្នុងបទថា ពោជ្ឈង្គេ នេះ ឈ្មោះ ថា ពោជ្ឈង្គ ព្រោះជាអង្គនៃការត្រាស់ដឹង ឬអង្គនៃអ្នកត្រាស់ដឹង ។ ពាក្យ ដែលលោកបរិយាយដូចម្តេច ធម្មសាមគ្គីនេះ លោកហៅថា ពោធិ ព្រោះ អធិប្បាយថា ព្រះអរិយសាវ័ករមែងត្រាស់ដឹងដោយធម្មសាមគ្គី ពោល គឺ សតិ ធម្មវិចយ វីរិយៈ បីតិ បស្សទ្ធិ សមាធិ ឧបេក្ខា ដែលជាបដិបក្ខ ចំពោះឧបទ្ទវច្រើនយ៉ាង មាន លីន គឺការរួញរា ឧទ្ធច្ច គឺការរាយមាយ បតិដ្ឋាន គឺការតាំងនៅ អាយូហន គឺការរួបរួម កាមសុខល្លិកានុយោគ គឺសេចក្តីព្យាយាមក្នុងកាមសុខ អត្តកិលមថានុយោគ គឺធ្វើសេចក្តីព្យាយាម ក្នុងការធ្វើខ្លួនឲ្យលំបាក ឧច្ឆេទទិដ្ឋិ គឺសេចក្តីឃើញថា ដាច់សូន្យ សស្សតទិដ្ឋិ គឺការឃើញថាទៀង និង អភិនិវេស គឺការប្រកាន់មាំជាដើម កាលធម្ម- សាមគ្គី កើតឡើងក្នុងខណៈនៃមគ្គដែលជាលោកិយ និងលោកុត្តរ ដូច្នេះ ។ ពាក្យថា ពុជ្ឈតិ ( រមែងត្រាស់ដឹង ) អធិប្បាយថា ព្រះអរិយសាវ័ក រមែង ក្រោកឡើងអំពីការដេកលក់ គឺកិលេសសន្តាន ត្រាស់ដឹងនូវអរិយសច្ច ៤ ឬរមែងធ្វើនិព្វានឲ្យជាក់ច្បាស់ ។ សមដូចពាក្យដែលលោកពោលថា ព្រះមាន ព្រះភាគទ្រង់ចម្រើនពោជ្ឈង្គ ៧ ត្រាស់ដឹងហើយ នូវអនុត្តរសម្មាសម្ពោធិញ្ញាណ ។