ភិក្ខុសូត្រ ទី ៥
គ្រានោះ ភិក្ខុមួយរូបចូលទៅគាល់ព្រះដ៏មានព្រះភាគ ។ បេ ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា ពោជ្ឈង្គ ពោជ្ឈង្គ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន គេតែងនិយាយថា ពោជ្ឈង្គ ដូច្នេះ តើដោយ ហេតុប៉ុន្មាន ។ ម្នាលភិក្ខុ ពួកធម៌ណាប្រព្រឹត្តទៅដើម្បីឲ្យត្រាស់ដឹង ហេតុ នោះបានជាហៅថា ពោជ្ឈង្គ ដូច្នេះ ។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យ សេចក្តីរលត់ ទន់ទោរទៅក្នុងការលះបង់ ។ បេ ។ ភិក្ខុចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់ ។ កាលបើភិក្ខុនោះ ចម្រើនពោជ្ឈង្គទាំង ៧ នេះ ចិត្តក៏ផុត ស្រឡះចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង ។ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ ។ ភិក្ខុនោះក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចារ្យ បានប្រព្រឹត្តស្រេចហើយ សោឡសកិច្ចបានធ្វើស្រេចហើយ មគ្គភាវនាកិច្ច ដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលភិក្ខុ ពួកធម៌ណាប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ហេតុនោះ បានជាហៅថាពោជ្ឈង្គ ។ ៦