កុណ្ឌលិយសូត្រ ទី ៦
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃអញ្ជ័ន ជាទីឲ្យអភ័យដល់ម្រឹគ ជិតក្រុងសាកេត ។ គ្រានោះឯង បរិព្វាជកឈ្មោះ កុណ្ឌលិយ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យ ដែលគួររពឫកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះកុណ្ឌលិយបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ ព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គជាអ្នកចេញចូលក្នុងសួនច្បារ ជាអ្នកអង់អាច ក្នុងបរិសទ្យ បពិត្រព្រះគោតមដ៏ចម្រើន ការទៅសួនច្បារនេះជាអាហាររបស់ ខ្ញុំ ដែលបរិភោគបាយព្រឹកក្នុងកាលជាខាងក្រោយភត្តរួចហើយ ខ្ញុំព្រះអង្គ តែងចង្រ្កម និងត្រាច់រង្គត់អំពីសួនច្បារមួយ ទៅកាន់សួនច្បារមួយ អំពី ឧទ្យានមួយ ទៅកាន់ឧទ្យានមួយ ខ្ញុំព្រះអង្គតែងឃើញសមណព្រាហ្មណ៍ មួយពួកក្នុងអារាម និងឧទ្យាននោះ ថ្លែងនូវអានិសង្សនៃការដោះវាទៈរួចផង នូវអានិសង្សនៃការប្រណាំងប្រជែងផង ដូច្នេះ ចំណែកខាងព្រះគោតមដ៏ ចម្រើន តើមានអ្វីជាអានិសង្សដែរឬ ។ ម្នាលកុណ្ឌលិយ ព្រះតថាគតមាន វិជ្ជា និងវិមុត្តិជាផលានិសង្ស ។ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ទាំងឡាយ ដែលបុគ្គល ចម្រើនហើយ ធ្វើឲ្យរឿយៗ ហើយ ញ៉ាំងវិជ្ជា និងវិមុត្តិឲ្យពេញលេញបាន តើដូចម្តេចខ្លះ ។ ម្នាលកុណ្ឌលិយ ពោជ្ឈង្គទាំង ៧ ដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យរឿយៗ ហើយ រមែងញ៉ាំងវិជ្ជា និងវិមុត្តិឲ្យពេញលេញបាន ។