កូដាគារសូត្រ ទី ៧
ក្បាលទី 23 · ទំព័រ 649
ម្នាលភិក្ខុទាំងឡាយ ដូចជាបង្កង់នៃផ្ទះមានកំពូលឯណាមួយ បង្កង់ទាំងអស់នោះបង្អោនទៅរកដំពូល ទេរទៅរកកំពូល ឈមទៅរក កំពូល យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គទាំង ៧ ជាបុគ្គលមានចិត្តបង្អោនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គទាំង ៧ តែងមានចិត្តឱនទៅរកព្រះនិព្វាន ទេរទៅរក ព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវសេចក្តីរលត់ ដែលទន់ ទោរទៅក្នុងការលះបង់ ។