បាណសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 655

ម្នាលភិក្ខុទាំងឡាយ ដូចសត្វទាំងឡាយណាមួយ សម្រេច ឥរិយាបថទាំង ៤ គឺដើរតាមកាល ឈរតាមកាល អង្គុយតាមកាល ដេក តាមកាល សត្វទាំងអស់នោះ អាស្រ័យផែនដីតាំងស៊ប់ លើផែនដី ទើប សម្រេចឥរិយាបថទាំង ៤ នោះ យ៉ាងនេះឯង យ៉ាងណាមិញ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុអាស្រ័យសីលតាំងមាំក្នុងសីល ទើបចម្រើនពោជ្ឈង្គទាំង ៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គទាំង ៧ បាន ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមាំក្នុងសីល ទើបចម្រើនពោជ្ឈង្គទាំង ៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គទាំង ៧ បាន តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរទៅក្នុងការលះបង់ ។ បេ ។ ចម្រើន ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តី ប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរទៅក្នុងការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមាំក្នុងសីល តែងចម្រើន ពោជ្ឈង្គទាំង ៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គទាំង ៧ យ៉ាងនេះឯង ។