ឯកធម្មសូត្រ ទី ៩
ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណារកមិនឃើញធម៌ ដទៃណាមួយ ដែលភិក្ខុបានចម្រើនយ៉ាងនេះ បានធ្វើឲ្យច្រើនយ៉ាងនេះ រមែង ប្រព្រឹត្តទៅដើម្បីលះបង់នូវធម៌ទាំងឡាយ ដែលរាប់បញ្ចូលក្នុងពួកសញ្ញោជនៈ ដូចជាពោជ្ឈង្គទាំង ៧ នេះឡើយ ។ ពោជ្ឈង្គទាំង ៧ គឺអ្វីខ្លះ ។ គឺ សតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គទាំង ៧ ដែលភិក្ខុបាន ចម្រើនដូចម្តេច បានធ្វើឲ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅដើម្បីលះបង់នូវធម៌ ទាំងឡាយ ដែលរាប់បញ្ចូលក្នុងពួកសញ្ញោជនៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោនទៅដើម្បីការលះបង់ ។ បេ ។ ចម្រើន ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវ និរោធ បង្អោនទៅដើម្បីការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ ប្រការ ដែលភិក្ខុបានចម្រើនយ៉ាងនេះ បានធ្វើឲ្យច្រើនយ៉ាងនេះ រមែងប្រព្រឹត្ត ទៅដើម្បីលះបង់នូវធម៌ទាំងឡាយ ដែលរាប់បញ្ចូលក្នុងពួកសញ្ញោជនៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលរាប់បញ្ចូលក្នុង ពួកសញ្ញោជនៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុចាត់ជាធម៌ដែល រាប់បញ្ចូលក្នុងពួកសញ្ញោជនៈ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺសញ្ញោជនៈ ទាំងនោះ រមែងកើតឡើងព្រោះចក្ខុនោះ សោត ឃាន ជិវ្ហា ចាត់ជាធម៌ ដែលរាប់បញ្ចូលក្នុងពួកសញ្ញោជនៈដែរ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺ សញ្ញោជនៈទាំងនុ៎ះ រមែងកើតឡើង ព្រោះធម៌ទាំងនោះ មនោចាត់ជាធម៌ ដែលរាប់បញ្ចូលក្នុងពួកសញ្ញោជនៈដែរ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺ សញ្ញោជនៈទាំងនុ៎ះ រមែង