អដ្ឋកថា អាវរណនីវរណសូត្រ ទី ៨
គប្បីជ្រាបវិនិច្ឆ័យក្នុងនីវរណាវរណសូត្រទី ៨ ដូចតទៅនេះ បទថា បញ្ចស្ស នីវរណា តស្មឹ សមយេ ន ហោន្តិ សត្ត ពោជ្ឈង្គា តស្មឹ សមយេ ភាវនាបរិបូរឹ គច្ឆន្តិ សេចក្តីថា នីវរណៈ ៥ យ៉ាងរបស់ព្រះអរិយ សាវ័ក អ្នកស្តាប់នូវធម៌ជាទីសប្បាយ រមែងនៅក្នុងទីឆ្ងាយ បើព្រះអរិយ សាវ័កនោះអាចញ៉ាំងគុណវិសេស ឲ្យកើតក្នុងទីនោះបាន ពោជ្ឈង្គ ៧ របស់ព្រះអរិយសាវ័កនោះ រមែងដល់នូវការចម្រើនបរិបូណ៌យ៉ាងនេះ ។ បើ មិនអាច បន្ទាប់អំពីនោះ លោកទៅកាន់ទីសម្រាកពេលយប់ និងទីសម្រាក ពេលថ្ងៃ កាលមិនទាន់លះបីតិនោះចោល សង្កត់នីវរណៈ ៥ បានហើយ នឹងញ៉ាំងគុណវិសេសឲ្យកើតបាន ។ សេចក្តីនោះ លោកពោលសំដៅសេចក្តី នេះថា កាលមិនអាចនៅក្នុងទីនោះបាន កាលមិនទាន់លះបីតិនោះរហូតអស់ រយៈ ៧ ថ្ងៃ សង្កត់នីវរណៈបានហើយ នឹងញ៉ាំងគុណវិសេសឲ្យកើតបាន ដូច្នេះ ។ សេចក្តីពិត ពោជ្ឈង្គដែលលោកបានហើយ ដែលជាចំណែកបីតិ និងបាមោជ្ជ គ្រាតែមួយ ដោយការស្តាប់ធម៌ រមែងសូន្យទៅព្រោះអាស្រ័យ ភាពជាអ្នកត្រេកអរក្នុងការងារជាដើម ។ តែកាលបានឧតុដែលសប្បាយជាដើម ក៏កើតឡើងទៀត រមែងដល់នូវការចម្រើនបរិបូណ៌ ក្នុងសម័យនោះ បុគ្គល នោះបានពោលយ៉ាងនេះ ដោយប្រការដូច្នេះ ។