រុក្ខសូត្រ ទី ៩
ម្នាលភិក្ខុទាំងឡាយ មានដើមឈើធំៗ មានគ្រាប់តូច មាន ទំហំដើមធំ ដុះគ្របដើមឈើទាំងឡាយ ពួកដើមឈើ ដែលដើមឈើធំៗ ដុះគ្របក៏បាក់មែកខ្ទេចខ្ទី រលំដួលទៅ ។ ម្នាលភិក្ខុទាំងឡាយ ចុះដើមឈើធំៗ ដែលមានគ្រាប់តូច មានទំហំដើមធំ ដុះគ្របដើមឈើទាំងឡាយ ពួកដើមឈើដែលឈើធំៗ ដុះ គ្របក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ តើដូចម្តេច ។ ដើមទាំងនោះ គឺអ្វីខ្លះ ។ គឺ ដើមពោធិ៍បាយ ដើមលៀប ដើមល្វា ដើមជ្រៃក្រឹម ដើមត្រាង ។ ម្នាលភិក្ខុ ទាំងឡាយ ចុះដើមឈើធំៗ ទាំងនោះឯង មានគ្រាប់តូច មានទំហំដើមធំដុះ គ្របដើមឈើទាំងឡាយ ពួកដើមឈើដែលឈើធំៗ ដុះគ្របក៏បាក់បែក ខ្ទេចខ្ទី រលំដួលទៅ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ កុលបុត្តខ្លះ ក្នុង លោកនេះ លះបង់ពួកកាមបែបណាហើយ ចេញចាកផ្ទះចូលកាន់ផ្នួស កុលបុត្តនោះ ត្រូវពួកកាមបែបនោះ ឬពួកកាមដ៏លាមកក្រៃលែងជាងនោះទៅទៀត គ្របសង្កត់ រួបរឹត ដួលដេកទៅ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ ប្រការនេះ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះរួបរឹតចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ ។ ធម៌ ៥ ប្រការ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ គឺកាមច្ឆន្ទៈជាគ្រឿងរារាំង ជាគ្រឿង បិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ព្យាបាទជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើ ប្រាជ្ញាឲ្យមានកម្លាំងខ្សោយ ១ ។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ជាគ្រឿង រារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្រប សង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ ១ ។