វិធាសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 708

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ ឯណានីមួយ ក្នុងកាលកន្លងទៅហើយ ជាយូរអង្វែង បានលះបង់នូវមានះ ទាំង ៣ ប្រការចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នក ចម្រើន ជាអ្នកធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលជាអនាគត នឹងលះបង់នូវមានះ ទាំង ៣ ប្រការចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នក ចម្រើន ជាអ្នកធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ ដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដែលមានក្នុងកាលឥឡូវនេះ រមែង លះបង់នូវមានះទាំង ៣ ប្រការចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់ នោះ ក៏ជាអ្នកចម្រើន ជាអ្នកធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ ដែរ ។ ពោជ្ឈង្គទាំង ៧ គឺអ្វីខ្លះ ។ គឺសតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលកន្លងទៅហើយ ជាយូរអង្វែង បានលះបង់នូវមានះទាំង ៣ ប្រការចេញបាន ។ បេ ។ នឹងលះបង់ ។ បេ ។ រមែងលះបង់ ព្រោះពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកចម្រើន ជាអ្នកធ្វើឲ្យច្រើន នូវពោជ្ឈង្គទាំង ៧ នេះឯង ។