អាហារសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 749

ឈ្មោះថា ជាប់ជំពាក់ក្នុងសង្ខារ ។ ឯបុគ្គលណា ជាអ្នកព្រងើយក្នុងវត្ថុទាំង ២ នោះ នេះឈ្មោះថា ជាអ្នកព្រងើយក្នុងសត្វ និងសង្ខារ ។ ដោយអាការ យ៉ាងនេះ ទើបឧបេក្ខាសម្ពោជ្ឈង្គនេះកើតឡើងដល់បុគ្គល ដែលវៀរឆ្ងាយពី អ្នកជាប់ជំពាក់ក្នុងសត្វ និងសង្ខារ ដែលមានសភាពបែបនេះ គប់រកបុគ្គល ដែលព្រងើយក្នុងសត្វ និងសង្ខារ មានចិត្តបង្អោនទៅ ទេរទៅ ឈមទៅ ដើម្បីការកើតឡើងនៃឧបេក្ខាសម្ពោជ្ឈង្គនោះ ក្នុងឥរិយាបថ មានការឈរ និង ការអង្គុយជាដើម ។