បរិយាយសូត្រ ទី ២
លំដាប់នោះឯង ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ រួចចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ។ ទើបពួកភិក្ខុ ទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ( ឥឡូវនេះ ) យើងនឹងចូលទៅ បិណ្ឌបាតក្នុងក្រុងសាវត្ថីទៅ ហាក់ដូចជានៅព្រឹកពេក បើដូច្នោះ ពួកយើង គួរចូលទៅឯអារាម របស់ពួកបរិព្វាជកជាអន្យតិរ្ថិយសិនចុះ ។ ហើយក៏ភិក្ខុ ទាំងនោះចូលទៅឯអារាមរបស់បរិព្វាជកជាអន្យតិរ្ថិយ លុះចូលទៅដល់ហើយក៏ ធ្វើសេចក្តីរីករាយជាមួយនឹងពួកបរិព្វាជកជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ទើបអង្គុយក្នុងទីដ៏សម គួរ ។ លុះពួកភិក្ខុទាំងនោះអង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជកជាអន្យតិរ្ថិយទាំងនោះនិយាយដូច្នេះថា ម្នាលអាវុសោទាំងឡាយ សមណគោតម តែងសម្តែងធម៌ដល់សាវ័កទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចូរ អ្នកទាំងឡាយមកណេះ ចូរអ្នកទាំងឡាយលះបង់នីវរណធម៌ទាំង ៥ ជា ឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ រួចហើយ ចម្រើន ពោជ្ឈង្គទាំង ៧ ឲ្យកើតមានឡើង ។ ម្នាលអាវុសោទាំងឡាយ សូម្បីយើង ក៏សម្តែងធម៌ប្រាប់សាវ័កទាំងឡាយ យ៉ាងនេះថា នែអាវុសោទាំងឡាយ ចូរ អ្នកទាំងឡាយមកណេះ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌ទាំង ៥ ជា ឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ រួចហើយ ចម្រើន ពោជ្ឈង្គទាំង ៧ ឲ្យកើតមានឡើងដូច្នេះដែរ ។ ម្នាលអាវុសោទាំងឡាយ ចុះ ក្នុងរឿងនេះ តើមានសេចក្តីប្លែកគ្នាដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច