អដ្ឋកថា បរិយាយសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 763

គប្បីជ្រាបវិនិច្ឆ័យក្នុងបរិយាយសូត្រទី ២ ដូច្នេះ បទថា សម្ពហុលា សេចក្តីថា ជន ៣ នាក់ លោកហៅថា ច្រើន ដោយបរិយាយ ក្នុងវិន័យ ។ ច្រើនជាង ៣ នាក់នោះ ហៅថា សង្ឃ ។ មនុស្ស ៣ នាក់ ហៅថា ៣ នាក់ដូចគ្នា ដោយបរិយាយនៃព្រះសូត្រ ចាប់ពី ៣ នាក់ឡើង ទៅ ហៅថា ច្រើន ។ ក្នុងទីនេះ គប្បីជ្រាបថា ពាក្យថា ច្រើន គឺដោយ បរិយាយនៃព្រះសូត្រ ។ បទថា បិណ្ឌាយ បវិសឹសុ បានដល់ ចូលទៅ ដើម្បីបិណ្ឌបាត ភិក្ខុទាំងនោះមិនទាន់ចូលទៅ តែហៅថា ចូលទៅហើយ ព្រោះចេញទៅដោយគិតថា នឹងចូលទៅ ។ សួរថា សេចក្តីនេះដូចម្តេច ។ ឆ្លើយថា ដូចបុគ្គលចេញទៅដោយគិតថា នឹងទៅស្រុក សូម្បីមិនទាន់ដល់ ស្រុកនោះ បើមានគេសួរថា បុគ្គលឈ្មោះនេះទៅណា យើងនឹងឆ្លើយថា ទៅ ស្រុកហើយ យ៉ាងណា សេចក្តីនេះក៏ដូច្នោះ ។ បទថា បរិព្វាជកានំ អារាមោ នោះ លោកពោលសំដៅដល់អារាមរបស់ពួកតិរ្ថិយបរិព្វាជក ដែលមាននៅ មិនឆ្ងាយអំពីវត្តជេតពន ។ បទថា សមណោ អាវុសោ សេចក្តីថា នែអាវុសោ សមណគោតមជាគ្រូអ្នកទាំងឡាយ ។ បទថា មយប្បិ ខោ អាវុសោ សាវកានំ ឯវំ ធម្មំ ទេសេម សេចក្តីថា ក្នុងលទ្ធិរបស់ពួកតិរ្ថិយ មិនមានពាក្យនេះថា នីវរណៈ ៥ ពួកអ្នកគប្បីលះ ពោជ្ឈង្គ ៧ ពួកអ្នកគប្បីចម្រើន ពួកតិរ្ថិយទាំងនោះទៅកាន់អារាម ឈរនៅ ខាងចុងបរិស័ទ ស្តាប់ធម្មទេសនារបស់ព្រះមានព្រះភាគ ហាក់ដូចជាសម្លឹង មើលវត្ថុដទៃ ដូចបញ្ជូនចិត្តទៅក្នុងទីដទៃ ។ បន្ទាប់អំពីនោះ ក៏កំណត់ថា សមណគោតមនឹងពោលថា ពួកអ្នកចូរលះវត្ថុនេះ ចូរចម្រើនវត្ថុនេះចុះ ហើយទើបទៅកាន់អារាមរបស់ខ្លួន ឲ្យរៀបចំអាសនៈត្រង់កណ្តាលអារាម ដែលឧបដ្ឋាកប្រុសស្រីចោមរោម អើត-ក បង្អោនកាយចូលទៅ កាលសម្តែង អាការចាក់ធ្លុះ ដោយសយម្ភូញាណរបស់ខ្លួន ទើបពោ