អដ្ឋកថា អគ្គិសូត្រ ទី ៣

ក្បាលទី 23 · ទំព័រ 773

គប្បីជ្រាបវិនិច្ឆ័យក្នុងអគ្គិសូត្រទី ៣ ដូចតទៅនេះ បទថា សតិញ្ច ខ្វាហំ ភិក្ខវេ សព្វត្ថិកំ វទាមិ សេចក្តីថា តថាគតពោលថា សតិ ដូចជាអំបិល និងដូចអមាត្យដែលប្រកបការងារទាំងពួង ដែលបុគ្គលគប្បី ប្រាថ្នាក្នុងទីទាំងពួង ។ អំបិលរមែងនៅក្នុងសម្លទាំងពួង យ៉ាងណា អមាត្យ ដែលប្រកបការងារទាំងពួង រមែងធ្វើកិច្ចច្បាំងខ្លះ ប្រឹក្សាខ្លះ ឧបត្ថម្ភខ្លះ សរុប សេចក្តីថា រមែងធ្វើកិច្ចគ្រប់យ៉ាងឲ្យសម្រេចបាន យ៉ាងណា ការសង្កត់ចិត្ត ដែលផ្សាយឡើង ការលើកចិត្តដែលរួញរាក៏ដូច្នោះ ដូច្នោះ កិច្ចទាំងអស់នឹង សម្រេចបានដោយសតិ វៀរសតិចេញ មិនអាចញ៉ាំងកិច្ចនោះឲ្យសម្រេចបាន ឡើយ ព្រោះដូច្នោះ ទើបទ្រង់ត្រាស់យ៉ាងនេះ ក្នុងព្រះសូត្រនេះ ទ្រង់ត្រាស់ ពោជ្ឈង្គ ដែលជាវិបស្សនាចំណែកខាងដើមតែម្យ៉ាង ។