ពលាទិសូត្រ ទី ១-១២
ក្បាលទី 23 · ទំព័រ 337
ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច ។ គឺពោជ្ឈង្គ ៧ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត អសង្ខតគាមិមគ្គ តើ ដូចម្តេច ។ គឺអដ្ឋង្គិកមគ្គដ៏ប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តថាគតបានសម្តែង ហើយ អសង្ខតគាមិមគ្គ តថាគតក៏បានសម្តែងហើយ ដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ កិច្ចឯណាដែលសាស្តាជាអ្នក ស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះ ត្រូវធ្វើដល់ សាវ័កទាំងឡាយ កិច្ចនោះ តថាគតក៏បានធ្វើដល់អ្នកទាំងឡាយរួចហើយ ។