ឱឃាទិសូត្រ ទី ១-៨
ឧទ្ទាននៃអសង្ខតសំយុត្តនោះ គឺ និយាយអំពីកាយគតាសតិ ១ សមថៈ និងវិបស្សនា ១ សមាធិដែលប្រកបដោយវិតក្កជាដើម ១ សមាធិមាន សុញ្ញតសមាធិជាដើម ១ សតិប្បដ្ឋាន ១ សម្មប្បធាន ១ ឥទ្ធិបាទ ១ ឥន្ទ្រិយ ១ ពល ១ ពោជ្ឈង្គ ១ ជា ១១ នឹងអដ្ឋង្គិកមគ្គ ហៅថាឧទ្ទាននៃអសង្ខតសំយុត្តនោះ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងអសង្ខតធម៌ផង អសង្ខតគាមិមគ្គផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរស្តាប់ធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ ដែលជាទីក្ស័យរាគៈ ក្ស័យទោសៈ ក្ស័យមោហៈ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា អសង្ខតធម៌ ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតគាមិមគ្គ តើដូចម្តេច ។ គឺសមថធម៌ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ ។ ម្នាលភិក្ខុ ទាំងឡាយ អសង្ខតធម៌ តថាគតបានសម្តែងហើយ អសង្ខតគាមិមគ្គ តថាគត ក៏បានសម្តែងហើយ ដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង ។ ម្នាលភិក្ខុ ទាំងឡាយ កិច្ចឯណាដែលសាស្តាជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះ ត្រូវធ្វើដល់សាវ័កទាំងឡាយ កិច្ចនោះ តថាគតក៏ បានធ្វើដល់អ្នកទាំងឡាយរួចហើយ ។ ម្នាលភិក្ខុទាំងឡាយ កិច្ចទាំងនុ៎ះ គឺម្លប់ ឈើ កិច្ចទាំងនុ៎ះ គឺផ្ទះស្ងាត់ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរសម្លឹង យក ( នូវអារម្មណ៍ ) កុំបីប្រមាទ កុំបីមានសេចក្តីក្តៅក្រហាយក្នុងកាលជា ខាងក្រោយឡើយ ។ នេះឯងជាអនុសាសនី គឺពាក្យប្រៀនប្រដៅរបស់តថាគត ចំពោះអ្នកទាំងឡាយ ។