អដ្ឋកថា អម្ពបាលិសូត្រ ទី ១ - វត្តអម្ពបាលិវន
គប្បីជ្រាបវិនិច្ឆ័យក្នុងអម្ពបាលិសូត្រទី ១ នៃសតិប្បដ្ឋានសំយុត្ត ដូចតទៅនេះ បទថា អម្ពបលិវនេ បានដល់ ក្នុងចម្ការស្វាយដែលស្រីចូលទៅ អាស្រ័យរូបចិញ្ចឹមជីវិត ឈ្មោះអម្ពបាលី ដាំ ។ ទើបចម្ការស្វាយនោះបានជា ចំណែករបស់នាងអម្ពបាលី ។ នាងអម្ពបាលីនោះ ស្តាប់ព្រះធម្មទេសនា នៃព្រះសាស្តាមានចិត្តជ្រះថ្លា ទើបសាងវិហារក្នុងទីនោះ វេរថ្វាយដល់ព្រះតថាគត ។ បទថា អម្ពបលិវនេ នេះ លោកសំដៅដល់វិហារនោះ ។ បទថា ឯកាយន្វាយំ កាត់បទជា ឯកាយនោ អយំ ប្រែថា នេះជាផ្លូវតែមួយ ។ ក្នុងបទទាំងនោះ បទថា ឯកាយនោ ប្រែថា ផ្លូវមួយ ។ ផ្លូវមានឈ្មោះច្រើន ដូចជា មគ្គ បន្ថ បថ បជ្ជ អញ្ជស វដុម អាយន នាវា ឧត្តរសេតុ កុលល ភិសិសង្កម ដូច្នេះ ។ ក្នុងទីនេះ លោកពោលដល់ ផ្លូវនោះដោយឈ្មោះអយនៈ ។ ព្រោះដូច្នោះ ក្នុងបទថា ឯកាយន្វាយំ ភិក្ខវេ មគ្គោ គប្បីឃើញសេចក្តីយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ផ្លូវនេះ ជាផ្លូវ តែមួយ មិនជាផ្លូវបែកជាពីរឡើយ ។ បទថា មគ្គោ ឈ្មោះថា មគ្គ ដោយ អត្ថដូចម្តេច ។ ដោយអត្ថជាគ្រឿងស្វែងរកនិព្វាន និងដោយអត្ថដែលបុគ្គល ត្រូវការនិព្វានគប្បីស្វែងរក ។ បទថា សត្តានំ វិសុទ្ធិយា បានដល់ ដើម្បីសេចក្តីបរិសុទ្ធិនៃ សត្វទាំងឡាយដែលមានចិត្តសៅហ្មងហើយ ដោយមន្ទិល មានរាគៈជាដើម និងដោយឧបក្កិលេស មានអភិជ្ឈាវិសមលោភជាដើម ។ បទថា សោកបរិទេវានំ សមតិក្កមាយ សេចក្តីថា ដើម្បីឈានកន្លង គឺដើម្បីលះនូវសេចក្តី សោក និងសេចក្តីខ្សឹកខ្សួល ។