សតិសូត្រ ទី ២ - សតិប្បដ្ឋាន៤
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពបាលិវន ជិតក្រុងវេសាលី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវជាអ្នកមានស្មារតី ជាអ្នកដឹងខ្លួន នេះ ជាអនុសាសនី គឺពាក្យប្រៀនប្រដៅរបស់តថាគត ចំពោះអ្នកទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញនូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាមដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ។ ក្នុងវេទនាទាំងឡាយ ។ បេ ។ ក្នុងចិត្ត ។ ជាអ្នកពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាមដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី កម្ចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នក មានស្មារតី យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដឹងខ្លួន តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួនក្នុងការដើរទៅខាងមុខ និងថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលក្រឡេកមើលទៅខាងមុខ និងក្រឡេកមើលទៅទិសផ្សេងៗ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបត់ដៃជើង និងលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលទ្រទ្រង់នូវសំពត់សង្ឃាដិ បាត្រ