សាលសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 50

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រាហ្មណគ្រាម ឈ្មោះកោសល ក្នុងដែនពួកអ្នកកោសល ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ។ បេ ។ ទ្រង់ត្រាស់នូវភាសិតនេះថា ម្នាល ភិក្ខុទាំងឡាយ ពួកភិក្ខុណាជាភិក្ខុថ្មី ទើបនឹងបួស ទើបតែនឹងមកកាន់ធម្មវិន័យ នេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ អ្នកទាំងឡាយគប្បីឲ្យសមាទាន ឲ្យ សេពគប់ ឲ្យតាំងនៅក្នុងការចម្រើនសតិប្បដ្ឋានទាំង ៤ ។ សតិប្បដ្ឋានទាំង ៤ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរមកអាយ ចូរ ពិចារណាឲ្យឃើញនូវកាយក្នុងកាយជាប្រក្រតី ជាអ្នកមានព្យាយាមដុតកម្តៅ កិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅដើម្បីសេចក្តីដឹងនូវកាយ តាម សភាវៈពិត ។ អ្នកទាំងឡាយ ចូរពិចារណាឲ្យឃើញនូវវេទនាក្នុងវេទនាទាំងឡាយ ជាអ្នកមានព្យាយាមដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានចិត្ត មាន អារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅដើម្បីសេចក្តីដឹងនូវវេទនាតាមសភាវៈពិត ។ អ្នកទាំងឡាយ ចូរ ពិចារណាឲ្យឃើញនូវចិត្តក្នុងចិត្តជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកម្តៅ កិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅដើម្បីសេចក្តីដឹងនូវចិត្តតាម សភាវៈពិត ។