អដ្ឋកថា សាលសូត្រ ទី ៤
ក្បាលទី 24 · ទំព័រ 53
គប្បីជ្រាបវិនិច្ឆ័យក្នុងកោសលសូត្រទី ៤ ដូចតទៅនេះ បទថា ធម្មវិនយោ សេចក្តីថា បទទាំង ២ ថា ធម្ម ឬ វិនយ នេះ ជាឈ្មោះ របស់សត្ថុសាសនៈបុណ្ណោះ ។ បទថា សមាទបេតព្វា បានដល់ ដែលអ្នក ទាំងឡាយគប្បីឲ្យកាន់យក ។ បទថា ឯកោទិភូតា បានដល់ ភាពជាអ្នកមានចិត្តស្ងប់ដោយ ខណិកសមាធិ ។ បទថា សមាហិតា ឯកគ្គចិត្តា សេចក្តីថា មានចិត្តតាំង មាំដោយប្រពៃ និងមានឯកគ្គតាចិត្ត ដោយអំណាចឧបចារ និងអប្បនា ។ ក្នុងសូត្រនេះ សតិប្បដ្ឋានដែលភិក្ខុថ្មីទាំងឡាយ និងព្រះខីណាស្រពទាំងឡាយ ចម្រើនហើយ ជាបុព្វភាគ ។ ព្រះសេក្ខៈ ៧ ពួក ចម្រើនហើយ ជាមិស្សកៈ គឺលាយឡំគ្នា ។