មក្កដសូត្រ ទី ៧ - ប្រទេសដែលស្វានិងមនុស្ស ទៅបាន ដោយ លំបាក
ក្បាលទី 24 · ទំព័រ 60
ម្នាលភិក្ខុទាំងឡាយ ការត្រាច់ទៅនៃពួកស្វា និងពួកមនុស្ស មិនមានក្នុងប្រទេសណា ប្រទេសនោះជាប្រទេសនៃស្តេចភ្នំ ឈ្មោះហិមវន្ត ជាទីទៅបានដោយលំបាក ជាទីរដិបរដុបក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ពិតមែន តែការដែលត្រាច់ទៅបាននៃពួកស្វាក្នុងប្រទេសឯណា ប្រទេសនោះ ជា ប្រទេសនៃស្តេចភ្នំឈ្មោះហិមវន្ត ជាទីទៅបានដោយលំបាក ជាទីមិនរាបស្មើ តែពួកមនុស្សត្រាច់ទៅមិនបានក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ការត្រាច់ទៅ បាននៃពួកស្វាក្តី ពួកមនុស្សក្តី ក្នុងប្រទេសឯណា ប្រទេសនោះជាប្រទេស នៃស្តេចភ្នំឈ្មោះហិមវន្ត មានភូមិភាគរាបស្មើល្អ ជាទីគួររីករាយក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ក្នុងទីនោះឯង ពួកព្រានដាក់នូវជ័រស្អិតក្នុងផ្លូវនៃស្វា ដើម្បីបៀតបៀននូវពួកស្វា ។