គិលានសូត្រ ទី ៩ - ព្រះមានព្រះភាគប្រឈួន
បទថា ឧបក្កិលេសា បានដល់ នីវរណៈ ៥ យ៉ាង ។ បទថា និមិត្តំ ន ឧគ្គណ្ញាតិ សេចក្តីថា ភិក្ខុរមែងមិនដឹងថា កម្មដ្ឋាននេះរបស់អញ រហូតដល់អនុលោមញ្ញាណ ឬគោត្រភូញាណហើយ ដូច្នេះ រមែងមិនអាច ចាប់និមិត្តនៃចិត្តរបស់ខ្លួនបាន ។ ក្នុងព្រះសូត្រនេះ ទ្រង់ត្រាស់សតិប្បដ្ឋាន ដែលជាបុព្វភាគវិបស្សនានោះឯង ។ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវេលុវគ្រាម ទៀបក្រុងវេសាលី ។ ក្នុងទីនោះឯង ព្រះដ៏មាន ព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរទៅនៅចាំវស្សាដោយជុំវិញក្រុងវេសាលី តាមមិត្ត តាម សន្ទិដ្ឋមិត្ត ( មិត្តធ្លាប់បានជួបគ្នា ) តាមសម្ភត្តមិត្ត ( មិត្តស្និទ្ធស្នាល ) តថាគត ក៏ចូលទៅចាំវស្សានៅក្នុងវេលុវគ្រាមនេះដែរ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធ ដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយចូលទៅចាំវស្សាដោយ ជុំវិញក្រុងវេសាលី តាមមិត្ត តាមសន្ទិដ្ឋមិត្ត តាមសម្ភត្តមិត្ត ។ ព្រះដ៏មានព្រះភាគ ស្តេចទៅចាំវស្សាក្នុងវេលុវគ្រាមនោះឯង ។ គ្រានោះឯង កាលព្រះដ៏មានព្រះភាគ ស្តេចចូលទៅចាំវស្សាហើយ ព្រះ អាពាធដ៏ក្លៀវក្លាកើតឡើង វេទនាដ៏ខ្លាំងស្ទើរតែនឹងមរណៈ ក៏ប្រព្រឹត្តទៅ ។ ក្នុងកាលនោះ ព្រះដ៏មានព្រះភាគ មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់សង្កត់ មិនឲ្យវេទនាបៀតបៀនព្រះអង្គបាន ។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះតម្រិះដូច្នេះថា តថាគតមិនប្រាប់ពួកឧបដ្ឋាក មិនលាភិក្ខុសង្ឃ ហើយបរិនិព្វាន ដោយមេត្តាចិត្តឯណា មេត្តាចិត្តនោះមិនសមគួរឡើយ បើ ដូច្នោះមានតែតថាគត បណ្តេញអាពាធនេះចេញដោយវីរិយៈ ហើយអធិដ្ឋាន ជីវិតសង្ខារទុក ។